ទស្សនវិជ្ជាអប់រំខ្មែរ
សេចក្តីផ្តើម
តាំងពីចាប់ផ្តើមបង្រៀនគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាឆ្នាំ១៩៩៣មក (ក្រោមការព្រមព្រៀងរវាងក្រសួងអប់រំយុវជន និងកីឡា និងអង្កការ Jesuit Service របស់ខ្ញុំ) ខ្ញុំតែងតែចាប់អារម្មណ៍ចំពោះរបៀបដែលនិស្សិតទាក់ទងជាមួយខ្ញុំក្នុងនាមជាគ្រូរបស់គេ។
និស្សិតភាគច្រើនសម្តែងសេចក្តីគោរពយ៉ាងជ្រាលជ្រៅ (មានករណីលើកលែងមួយចំនួន ប៉ុន្តែមិនចាំបាច់និយាយអំពីរឿងបែបនោះទេ) ក៏ប៉ុន្តែនិស្សិតរមែងយកតម្រាប់តាមខ្ញុំក្នុងការស្វែងរកសេចក្តីពិត។ កម្រមាននិស្សិតដែលរកឃើញសច្ចភាពតាមផ្លូវផ្សេងពីផ្លូវដែលបានចង្អុលបង្ហាញស្រាប់។ នាឆ្នាំ២០០៧ បន្ទាប់ពីចាប់ផ្តើមជួយបង្រៀនទស្សនវិជ្ជាផងដែរ ខ្ញុំមានសមត្ថភាពពិភាក្សាជាមួយគ្រូឯទៀតៗអំពីបញ្ហា ទស្សនវិជ្ជាអប់រំច្រើនជាង។ ម្យ៉ាងវិញទៀត អស់រយៈពេល១៣ឆ្នាំកន្លងទៅ ខ្ញុំបានមើលខុសត្រូវមណ្ឌលនិស្សិតក្រីក្ររបស់ព្រះសហគមន៍កាតូលិកកម្ពុជានៅបឹងត្របែក។ ដោយបានរស់នៅជាមួយគេ ទាំងប្រុស ទាំងស្រីអស់រយៈពេលយូរ យ៉ាងជិតស្និត បាននាំឲ្យខ្ញុំយល់អំពីឥទ្ធិពលនៃទស្សនវិជ្ជាអប់រំលើចិត្តគំនិត និងឥរិយាមាយាទរបស់ពួកគេកាន់តែស៊ីជម្រៅ។
នៅក្នុងអត្ថបទនេះ រូបខ្ញុំបាទសូមជូននូវការរិះគិតពិចារណាស្តីអំពីទស្សនវិជ្ជាអប់រំផ្សេងៗដែលគ្រូបង្រៀន និងសាស្រ្តាចារ្យកំពុងប្រើប្រាស់សព្វថ្ងៃនៅតាមសាលាផ្សេងៗទូទាំងប្រទេសកម្ពុជា ដោយដឹងខ្លួនក្តីឬក៏មិនដឹងខ្លួនក្តី។ តាមការពិត មានលោកសាស្រ្តាចារ្យ ប៉ានវុត្ថា និងអ៊ុនលាង បានសរសេរសៀវភៅល្អៗទាក់ទងទៅនឹងប្រធានបទនេះរួចស្រេចទៅហើយ។ ហេតុដូច្នេះហើយ ខ្ញុំគ្រាន់តែព្យាយាមប្រៀបធៀបលទ្ឋផលដែលចេញពីការស្រាវជ្រាវរបស់ពួកគេស្តីអំពីទស្សនវិជ្ជាអប់រំខាងក្រៅប្រទេសជាមួយលទ្ឋផលនៃការស្រាវជ្រាវរបស់ខ្ញុំ ស្តីអំពីទស្សនវិជ្ជាអប់រំខាងក្នុងប្រទេសតែប៉ុណ្ណោះ។ ប្រសិនបើសំណេរនេះគួរឬមិនគួរ សូមអធ្យាស្រ័យជាមុន។