ទស្សនវិជ្ជាអប់រំខ្មែនាសម័យបុរាណ ផ្នែកទី២ Traditional Khmer Philosophy of Education

ទស្សនវិជ្ជាអប់រំខ្មែរត្រូវបានបង្កប់ក្នុងស្នាដៃអក្សរសិល្ប៍ កំណាព្យ រឿងព្រេង អាយ៉ៃ រឿងនិទាន ប្រលោមលោក និងស្នាដៃអក្សារសាស្ត្រជាច្រើនទៀត។

ទស្សនវិជ្ជាអប់រំខ្មែរនាសម័យបុរាណ

ទស្សនវិជ្ជាអប់រំខ្មែរត្រូវបានបង្កប់ក្នុងស្នាដៃអក្សរសិល្ប៍ កំណាព្យ រឿងព្រេង អាយ៉ៃ រឿងនិទាន ប្រលោមលោក និងស្នាដៃអក្សរសាស្ត្រជាច្រើនទៀត។ ជាបឋម ខ្ញុំសូមតែងសម្មតិកម្មបណ្តោះអាសន្នមួយ ពោលគឺអត្ថន័យនៃទស្សនវិជ្ជាអប់រំនេះ ត្រូវបានមើលឃើញច្បាស់ជាងគេនៅក្នុងរបៀបដោះស្រាយទំនាស់សីលធម៌ដែលផុសឡើងពីដំណើរ ជីវិតយុវជនយុវនារី។

នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចជួនណាតមានមិនត្រឹមតែសេចក្តីពន្យល់ និង​អត្ថាធិប្បាយពាក្យនីមួយៗឲ្យបានស៊ីជម្រៅនោះទេ ថែមទាំងមានពាក្យដំបូន្មានរីករាយបង្កប់នៅក្នុងសុភាសិត និងពាក្យពេចន៍ទម្លាប់និយាយបែបប្រជាប្រិយផងដែរ។ សម្តេចព្រះសង្ឃរាជមិនគ្រាន់តែជាគ្រូបាធ្យាយផ្នែកភាសាប៉ុណ្ណោះទេ ប៉ុន្តែលោកជាគ្រូបាធ្យាយផ្នែកប្រពៃណី ប្រាជ្ញាញាណ និងប្រតិបត្តិខ្មែរថែមទៀតផង។​​ សម្តេចមិន​បានបង្កើតប្រពៃណីនេះទេ​ លោកបានទទួលជាមរតក និងកេរតំណែលដែលបញ្ជូនបន្តពីជំនាន់មុនៗ។ ​ការពន្យល់ពាក្យអប់រំរួមបញ្ចូលការបង្វឹកចិត្ត និងជំនាញដែលបង្ហាញឲ្យឃើញថាសីលធម៌ និងចំណេះដឹងត្រូវកើនឡើងរួមគ្នាក្នុងអ្នកទទួលការអប់រំ។

ក្រមង៉ុយបានប្រមែប្រមូល​ច្បាប់អប់រំប្រដៅជនប្រុសស្រីឲ្យមានធម៌នៅ​ក្នុងខ្លួន ចេះក្រើន​រំឭក​ប្រតិបត្តិ​កុសល។ ឯកសារ ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី សេចក្តីរំឭកដាស់តឿន ពាក្យកាព្យប្រៀនប្រដៅជនប្រុសស្រី និង បណ្តាំក្រមង៉ុយ  បំភ្លឺច្បាស់តម្លៃសីលធម៌ដែលទ្រទ្រង់ការប្រៀនប្រដៅយុវជនយុវនារី អំពីចរិយាល្អនិងអាក្រក់នៅក្នុងសង្គមខ្មែរនាសម័យបុរាណ។

ការដឹងគុណមាតាបិតាជាកាតព្វកិច្វនិងគុណធម៌ចម្បងសម្រាប់កូនខ្មែរ។[1] បន្ទាប់មក កូនត្រូវដឹងគុណចំពោះគ្រូបង្ហាត់បង្រៀន។[2] សព្វថ្ងៃ ប្រាក់​ឧបត្ថម្ភដែលកម្មករកម្មការនីរោងចក្រភ្នំពេញផ្ញើដល់ឪពុកម្តាយនិងក្រុមគ្រួសារនៅ ឯស្រុកជាភស្តុតាងរស់រវើកល្មមបញ្ជាក់ថា គុណធម៌សម័យបុរាណនេះមិនទាន់លុបបំបាត់​ពីសង្គមខ្មែរនៅឡើយទេ។

ព្រះពុទ្ធសាសនា ជាគ្រឹះចម្បងក្នុងផ្នត់គំនិតអប់រំរបស់ក្រមង៉ុយ​ ក៏ប៉ុន្តែជួនកាល មានទំនាស់ស្តីអំពីបំណកស្រាយ​ព្រះធម៌ដែលត្រូវបាន​ចងក្រងឡើងជាភាសាបាលី និងសំស្រ្កឹត។ អ្នកប្រាជ្ញ​ជាន់ថ្មី និង​អ្នកប្រាជ្ញ​ជាន់​ចាស់តែងតែពន្យល់អត្ថន័យរឿងព្រេងនិងពិធីបុណ្យតាមរបៀបខុសៗគ្នាផងដែរ។ ដូច្នេះធម៌ចាស់ដាស់តឿនឲ្យសែនប្រេនដល់អ្នកតា ខ្មោចព្រាយ​ ឬទេវតា ចំពេលដែលធម៌ថ្មីរារាំងអំពើទាំងនោះ។[3] ក្រមង៉ុយដោះស្រាយទំនាស់បំណកស្រាយបែបនេះដោយអះអាងថាធម៌ថ្មីក៏ធម៌ ធម៌ចាស់ក៏ធម៌ ធម៌ទាំង​ពីរ​សុទ្ធតែមានប្រយោជន៍។[4]

ក្រមង៉ុយបានបង្ហាញពីអត្ថន័យមួយទៀត គឺការដឹងគុណ ទាំងគុណទឹកដីផង ទាំងគុណគ្រូបាធ្យាយផង និងគុណចាស់ទុំផង។ ដូចនេះជនប្រុសស្រីគួររំឭកដល់គុណគ្រូ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គួរសូត្រ​រំឭកគុណជារៀងរាល់ថ្ងៃដើម្បីចម្រើនសីល។ លោកបានបង្រៀនបន្ថែមថាជនប្រុសស្រីគប្បីកាន់ខ្ជាប់នូវ​សីលទានដើម្បីសម្រេចនូវមគ្គផលល្អ។ ជាធម្មតាជនសាមញ្ញអាចចាប់បានត្រឹមសីល​ប្រាំប៉ុណ្ណោះ។ នៅក្នុងសីលប្រាំ ក្រមង៉ុយយកចិត្តទុកដាក់ណែ​នាំដល់ជនប្រុសស្រីទាំងឡាយ ដូចជា ហាមមិនឲ្យនិយាយកុហក ហាមសេព​គ្រឿង​ស្រវឹង ហាមលួចឆក់ប្លន់ ហាមផិតក្បត់ និងហាមសម្លាប់ជីវិត ។

ទំនាស់សីលធម៌មួយទៀតកើតឡើងនាពេលប្រារព្ធពិធីអាពាហ៍ពិពាហ៍កូនប្រុសស្រី តាមទំនៀមទម្លាប់ប្រពៃណី នៅពេលដែលមានមេបាបង្គាប់ឲ្យសំលាប់សត្វធ្វើជាអាហារជប់លៀង​​ អំពើនេះអាចដឹកនាំពន្លិចកូនក្នុងអំពើបាប អាចប៉ះពាល់ដល់ជាតិក្រោយនៅវាលវដ្តសង្សាបានដោយអាស្រ័យតាមកម្មផល។​[5]

ច្បាប់ល្បើកថ្មី និងច្បាប់កេរកាលថ្មី បរិយាយអំពីតួនាទីកូនខ្មែរ ប្រការត្រូវធ្វើ និងប្រការ​មិនត្រូវធ្វើក្នុងសង្គមរស់នៅជាសហគមន៍។ ចំពោះអ្នកមានគុណ ក្រមង៉ុយរាប់បញ្ចូលនូវបុគ្គលទាំង​ឡាយណាដែលធ្វើល្អ ចិញ្ចឹមបីបាច់ថែរក្សា ដាស់តឿន ជួយជ្រោមជ្រែង ផ្តល់ចំណេះដឹង​ បង្រៀនអាន សរសេរ មានគុណធម៌ដឹកនាំ​ទៅ​កាន់​កុសល និងកែ​លម្អ​យើង រួមមាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតាបិតា គ្រូបាធ្យាយ ចៅហ្វាយ ព្រះមហាក្សត្រ…។​ ជាពិសេសមិនត្រូវមើលងាយ និងឆ្លើយតបទៅឪពុកម្តាយដោយសម្តីអសុរោះចំពោះលោកទាំង​ពីរ មិនត្រូវបំផ្លាញទ្រព្យធន កេរ្តិ៍តំណែលដែលលោកខិតខំស្វែងរកសន្សំទុកឲ្យកូន។ ប្រសិនបើរៀនចេះដឹង មិនត្រូវធ្វើឫកក្រអឺតក្រទម មើលងាយបកតបទៅឪពុកម្តាយវិញឡើយ ទោះបីជាលោកទាំងពីរ​ស្តី​បន្ទោស ខឹងវាយប្រដៅបែបណាក៏ដោយ ព្រោះគាត់ទាំងពីរជាអ្នកមាន​គុណដោយផ្តល់កំណើត ចិញ្ចឹម និងអប់រំ។ រីឯគ្រូក៏ដូច្នេះដែរ។​ ចំពោះព្រះមហាក្សត្រ និងចៅហ្វាយនាយវិញ ត្រូវគោរពដោយស្មោះស្ម័គ្រ មិនត្រូវបំពានបញ្ជា ព្រោះអាចនាំឲ្យមានអន្តរាយដល់ខ្លួន ។[6]

លោកតែងតែផ្តាំជានិច្ចដល់កូនខ្មែរឲ្យខំរៀនសូត្រទាំងជំនាញតាមឧបនិស្ស័យរបស់ខ្លួន ទាំងការ​សិក្សាបែបច្បាប់បារាំង ទាំងព្រះធម៌ ព្រះត្រៃបិតក ទាំងនៅវត្តអារាម ទាំងនៅកន្លែងធ្វើការងារ ទាំងនៅ​សាលាបារាំងក្តី​ឲ្យអស់ពីសមត្ថភាព មិនត្រូវយកពាក្យខ្ជិល ពាក្យខ្លាចចេះមកដាក់ខ្លួនឡើយ ។ ដូច្នេះ មានចំណេះវិជ្ជា នាំឲ្យជីវិតមានសុភមង្គល មានភាពក្សេមក្សាន្ត ។[7]

ក្រមង៉ុយមិនបានប្រាប់ឲ្យកូនខ្មែរជ្រើសរើសគូរស្រករ ដោយពឹងលើខែឆ្នាំកំណើត ក្បួនតម្រា គ្រូ​ទាយឡើយ ប៉ុន្តែត្រូវជ្រើសរើសដោយពឹងលើការវិភាគបានល្អិតល្អន់ពីពូជអម្បូរ និងអត្តចរិតរបស់​បុគ្គលនោះឲ្យបានច្បាស់ល្អ ។ លោកផ្តល់សិទ្ធដល់នារីប្រកែកជាមួយឪពុកម្តាយចំពោះគូរដណ្តឹងដែល មិនស្រលាញ់ ប៉ុន្តែត្រូវប្រកែកដោយស្ងាត់ៗ។[8]

គួរកុំបណ្តោយខ្លួនឲ្យសប្បាយជ្រុលហួស​ហេតុ​ពេក ព្រោះស្រុកក្រីក្រ គួរប្រុងស្មារតី រៀបឫកពា  ឥរិយាបថឲ្យសក្តិសមជាទំពាំងស្នងឬស្សី ។

«គិតមុនគូរ មុននិយាយត្រូវគ្រលាស់អណ្តាតឲ្បបានប្រាំពីរដងសិន» ។ សុភាសិតនេះមានន័យ ថា នៅ​មុនពេលនិយាយស្តីឬធ្វើអ្វីមួយគួរគិតពិចារណាឲ្យបានច្បាស់ពីភាពសមហេតុផលជាមុនសិន។

«មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត» ។ សុភាសិតនេះបង្ហាញថា ជាធម្មតាមានប្រពៃណីយកអាសារដល់អ្នកដំណើរជិតឆ្ងាយ ផ្តល់បាយ ផ្តល់ទឹកដល់អ្នកមក​ពី​ក្រៅស្រុក ដោយមិនប្រកាន់មាន ឬក្រឡើយ ប៉ុន្តែទន្ទឹមនឹងនោះ ក៏ត្រូវប្រយ័ត្នប្រយែង​​ណាស់ដែរ ចំពោះអ្នកដែលមកសុំស្នាក់អាស្រ័យ សុំធ្វើការជាមួយ ។ ការពិនិត្យមើលបុគ្គលនេះ មិន​សំដៅតែទៅលើមនុស្សមកពីចម្ងាយទេ សូម្បីតែបងប្អូនជីដូនមួយ ជីទួតមួយ ពូ មីង ក្មួយ ក៏ត្រូវ​សិក្សាពីធម្មជាតិចរិតរបស់ពួកគេឲ្យបានច្បាស់លាស់ដែរមុននឹងទៅពឹងពាក់ ឬជួយចំពោះរឿងអ្វី​មួយ។ ដូច្នេះមនុស្សប្រុសមនុស្សស្រី ត្រូវជៀសវាងភាពជ្រុលគ្រប់បែបយ៉ាង ហើយដោះស្រាយរាល់ទំនាស់សីលធម៌ដោយស្វែងរក​​ផ្លូវកណ្តាល។

[1] ពុទ្ធសាសនបណ្ឌិត (១៩៧២) ច្បាប់ក្រមង៉ុយ  វគ្គទី១០ នៃច្បាប់ល្បើកថ្មី និងវគ្គទី៩ និង ១៧ នៃច្បាប់កេរកាលថ្មី ទំ. ៤

[2] ដដែល វគ្គទី៣៣ នៃច្បាប់ល្បើកថ្មី ទំ. ៦

[3] ស្រង់ចេញពីវគ្គទី៣២ ដល់ ៤២ និង ៤៤ ដល់ ៤៥ នៃសេចក្តីរំឭកដាស់តឿនក្នុងច្បាប់ក្រមង៉ុយ ទំ. ៤១ ដល់ ៤២ ។

[4] ដដែល វគ្គទី១១២ ដល់ ១១៤ នៃសេចក្តីរំឭកដាស់តឿន ទំ. ៤៦

[5] ដដែល វគ្គទី២០ ២២ និង ២៤ នៃពាក្យប្រដៅជនប្រុសស្រី ទំ. ៥១

[6] ដដែល វគ្គទី១១ និង ១២ នៃច្បាប់ល្បើកថ្មី ទំ. ៤

[7] ដដែល វគ្គទី ៤៤ ៤៦ និង ៤៧ នៃច្បាប់ល្បើកថ្មី ទំ. ៧

[8] សម្រង់ចេញពីវគ្គទី២០៨ ដល់ ២១២ នៃច្បាប់ល្បើកថ្មី ទំ. ២៤ ដល់ ២៥ ។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s