នៅក្នុងអក្សរសិល្ប៍ខ្មែររឿងដែលសម្តែងទស្សនៈអប់រំផ្នែកសីលធម៌ទាំងនេះឲ្យច្បាស់ជាងគេគឺ រឿងទុំទាវ។ ទុំជាអ្នកបួសមួយអង្គដែលច្រៀងពិរោះហើយទាវជានារីស្អាតម្នាក់។ នៅពេលទុំទៅភូមិជួបទាវ អ្នកទាំងពីរស្រលាញ់គ្នា។ ទុំសឹកហើយទៅជួបទាវដែលស្រលាញ់គាត់ដូចជាប្តីរួចជាស្រេច។
ម្តាយរៀបចំគម្រោងអាពាហ៍ពិពាហ៍ជាមួយប្រុសម្នាក់មានឋានៈខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដោយឆ្លងកាត់ព្រឹត្តិការណ៍ផ្សេងៗជាច្រើន ព្រះមហាក្សត្រជ្រាបយល់អំពីសេចក្តីស្នេហារបស់ទុំនិងទាវហើយព្រះអង្គអនុគ្រោះ ក៏ប៉ុន្តែទុំនិងទាវអស់សង្ឃឹមជៀសមិនផុតពីសោកនាដកម្ម។ ទុំនិងទាវស្លាប់ទាំងពីរនាក់។
យុវជននិងយុវនារីសម័យបច្ចុប្បន្ននៅតែស្រលាញ់រឿងទុំទាវដូចជារឿងរបស់គេ។ រឿងនេះបញ្ជាក់អត្ថន័យអប់រំនៃសុភាសិតបុរាណ «នំមិនធំជាងនាលិ» ។ ទុំបានសឹកដោយមិនសូមការអនុញ្ញាតពីចៅអធិការវត្តហើយទាវបានស្រលាញ់គាត់ដោយមិនសូមការអនុញ្ញាតពីម្តាយជាមុនសិន។ ប្រហែលជារឿងនេះចង់ពង្រឹងស្មារតីយុវជនយុវនារីឲ្យចេះទប់ទល់សំទុះស្នេហាទាល់តែមានការអនុញ្ញាតពីមាតាបិតា លោកសង្ឃ និងព្រះមហាក្សត្រ ពោលគឺ បើព្យាយាមរៀបការដោយគ្មានការយល់ព្រម ពីអ្នកមានអំណាច ឬអ្នកមានគុណជាមុនសិននោះច្បាស់ជាត្រូវជួបគ្រោះកាចនាពេលក្រោយជាមិនខាន។ កូនគ្មានសិទ្ធអំណាចធំជាងមាតាបិតា ព្រះមហាក្សត្រ ឬសាសនាឡើយ។
រវាងសម័យសង្រ្គាមលោកទី២ និងរបបខ្មែរក្រហម អក្សរសិល្ប៍ខ្មែរបានលូតលាស់រីកចម្រើនស្គុះស្គាយគ្រប់ជំពូក។ សៀវភៅប្រលោមលោកដ៏ល្បីល្បាញមួយក្បាលពីសម័យនោះដែលនៅតែជះឥទ្ធិពលខ្លាំងលើការអប់រំចិត្ត យុវជនយុវនារីសម័យបបច្ចុប្បន្ឌ គឺប្រលោមលោកដែលមានចំណងជើងថា «ផ្កាស្រពោន» និពន្ធឡើងដោយលោកនូហាច។ លោកនូហាចបានធ្វើជាលោកសង្ឃស្គាល់ព្រះពុទ្ធសាសនាយ៉ាងល្អិតល្អន់ហើយលោកបានរៀនសូត្រនៅបរទេសផងដែរ។ យុវជនយុវនារីស្គាល់តួអង្គនីមួយៗក្នុងរឿងនេះតាំងពីក្មេងមក ហើយតែងតែទាក់ទងជាមួយគេដូចជាសមាជិកក្រុមគ្រួសារផ្ទាល់។
រឿង «ផ្កាស្រពោន» តំណាលរ៉ាយរ៉ាប់រឿងសោកសង្រេងរបស់វិធាវីនិងប៊ុនធឿនដែលស្រលាញ់គ្មា ចង់រៀបការជាមួយគ្នា ក៏ប៉ុន្តែមិនអាចសម្រេចតាមបំណងបានឡើយ។ ផ្ទុយទៅវិញ បន្ទាប់ពីគ្រួសារប៊ុនធឿនបាត់បង់ទ្រពសម្បតិ្ត ម្តាយវិធាវីក៏ផ្តាច់ពាក្យដើម្បីរៀបចំអាពាហ៍ពិពាហ៍មួយផ្សេងទៀតសម្រាប់វិធាវីជាកូន។ វិធាវីរងទុក្ខលំបាកដោយអត់ចេញស្តីរហូតទាល់តែស្លាប់។ សូម្បីតែប៊ុនធឿន ក៏បានសរសេរសំបុត្រជូនវិធាវីមួយច្បាប់លួងលោមនាងឲ្យរៀបមង្គលការជាមួយកម្លោះអ្នកមានដែលម្តាយបានជ្រើសរើសសម្រាប់គាត់ ថ្វីត្បិតតែកំលោះនោះមានអត្តចារិតមិនល្អយ៉ាងណាក៏ដោយ។
គ្រូបង្រៀនតែងតែប្រើប្រាសរឿងនេះដើម្បីបញ្ជាក់បន្ថែមកាន់តែខ្លាំងអំពីគោលការណ៍ សីលធម៌ចំបងរបស់សង្គមខ្មែរដែលត្រូវបានបង្កប់នៅក្នុងសុភាសិត «នំមិនធំជាងនាលិ» ហើយដែលបានសម្តែងចេញរួចហើយនៅក្នុងរឿងទុំទាវ។ ការប្រៀនប្រដៅនេះចង់មានអត្ថន័យថាសុភមង្គលរបស់យុវជនយុវនារីបណ្តាលមកពីការគោរពប្រណិប័តន៍តាមឱវាទមាតាបិតា និងចាស់ទុំ។
ខ្ញុំសូមផ្តល់យោបល់ថាបំណកស្រាយតាមប្រពៃណីនេះមិនត្រឹមត្រូវទេដោយសារមិនស្របតាមវត្ថុបំណងរបស់អ្នកនិពន្ធ។ ហាក់បីដូចជាលោកនូហាចកំពុងចង្អុលបង្ហាញទំនាស់សីលធម៌មួយចំកណ្តាលប្រពៃណី ប្រាជ្ញាញាណ និងប្រតិបត្តិរបស់ខ្មែរតាំងពីយូរយារមកហើយ។ លោកមិនគាំទ្រប្រពៃណីទេ ផ្ទុយទៅវិញលោកកំពុងរិះគន់ប្រពៃណីនេះដល់ឫសគល់។ តួអង្គប៊ុនធឿន និងទុំមានចរិតលក្ខណៈស្រដៀងគ្នាមែន ក៏ប៉ុន្តែវិធាវីនិងទាវមានចរិតលក្ខណះខុសគ្នាទាំងស្រុង។ វិធាវីមិនដែលរំលោភបំពានលើតម្លៃសីលធម៌ ទំនៀមទម្លាប់ប្រពៃណី ឬលើច្បាប់ស្រីត្រង់ណាសោះ។ និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្លាប់ពន្យល់ខ្ញុំថា វិធាវីគួរប្រកែកប្រឆាំងជាមួយម្តាយមិនព្រមស្រលាញ់ប្រុសណាផ្សេងពីប៊ុនធឿន ក៏ប៉ុន្តែនៅក្នុងប្រពៃណីគ្មានអ្វីដែលគាំទ្រការប្រកែកយ៉ាងពេញទំហឹងបែបនោះទេ។
មានព្រឹតិ្តការណ៍២កើតឡើង ក្នុងសាច់រឿងចង្អុលប្រាប់អំពីជម្រៅជ្រៅនៃទំនាស់សីលធម៌នេះ។ មានម្តងនៅពេលវិធាវីខ្សោយកម្លាំងដោយសារជម្ងឺ ក៏ក្រុមគ្រួសារនំាគាត់ទៅលេងអង្គរវត្ត ដើម្បីកំសាន្តនិងលើកទឹកចិត្តគាត់។ ថ្ងៃមួយវិធាវីជួបរូបសំណាករបស់ព្រះពុទ្ធ នាងលុតជង្គង់ស្រក់ទឹកភ្នែករហាម ទាំងបួងសួងឲ្យព្រះអង្គរំដោះនាងពីទុក្ខលំបាកដោយផ្តល់នូវដំណោះស្រាយមួយ។ រូបចម្លាក់នៅនឹងនមិនបានអាណិតអាសូរនាងទេ។ ប្រហែលជាគេអាច បកស្រាយព្រឹតិ្តការណ៍នេះតាមរបៀបសាសនាដោយអះអាងថានាងវិធាវីនៅតែជាប់ចំណងស្នេហាចំពោះប៊ុនធឿន ហើយមិនព្រមរម្ងាប់សេចក្តីស្រលាញ់នេះដើម្បីចម្រើនសីលក្នុងខ្លួន។ តាមបំណកស្រាយសាសនានេះ វិធាវីនៅតែវិលវល់ក្នុងវាលវដ្តសង្សាមិនចេះចប់មិនចេះហើយ នាងមិនអាចឈានទៅមុខឆ្ពោះទៅកាន់និពាន្វបានឡើយ។ ទោះបីមានអំណះអំណានល្អៗបែបនេះក៏ដោយ តាមយោបល់របស់ខ្ញុំ បំណកស្រាយសាសនាមិនត្រឹមត្រូវទេ។ លោកនូហាច មិនផ្សព្វផ្សាយលទ្ធិសាសនាទេ លោកកំពុងរិះគន់វប្បធម៌របស់ខ្លួនទៅវិញ។ ប្រសិនបើគិតអំពីរឿងទាំងមូល តាំងពីទីចាប់ផ្តើមរហូតដល់ទីបញ្ចប់ វិធាវីមិនខិតខំព្យាយាមក្លាយជាព្រះពុទ្ធសាសនិកជនល្អមួយរូបនោះឡើយ តែនាងប្រឹងប្រែងប៉ុនប៉ងធ្វើជានារីខ្មែរល្អម្នាក់ទៅវិញ។ មានម្តងទៀតនៅពេលដែលនាងឈឺធ្ងន់ដេកលើគ្រែនៅផ្ទះ ម្តាយហៅគ្រូម្នាក់ប្រកបដោយកេរឈ្មោះឆ្នើមផ្នែកព្យាបាលជម្ងឺមកជួយសង្រ្គោះកូនស្រី។ លោកគ្រូនេះជាលោកសង្ឃមួយអង្គផងដែរ ក៏ប៉ុន្តែលោកប្រើវិធីអបិយជំនឿលើនាងវិធាវីទាំងស្តោះទឹកមាត់ ទាំងសូត្រមន្តអាគមទាំងប្រោសថ្នាំពាសពេញបន្ទប់។ បន្ទាប់ពីលោកនិមន្តត្រឡប់ទៅវត្តវិញ នាងវិធាវីឈឺកាន់តែខ្លាំង ជំរុញមួយជំហានទៀតទៅរកសេចក្តីស្លាប់។ នៅក្នុងអក្សរសិល្ប៍ខ្មែរ ប្រហែលជាគ្មានការិះគន់វិធីព្យាបាលជម្ងឺដោយអបិយជំនឿខ្លាំងជាងការិះគន់របស់លោកនូហាចនៅក្នុងរឿង ផ្កាស្រពោននោះទេ។
ចំណែកឯខ្ញុំវិញ នាងវិធាវីជាគំរូនៃនារីខ្មែរដ៏ល្អម្នាក់ដែលបានស្រូបបញ្ចូលក្នុងខ្លួននូវការអប់រំ ផ្នែកសីលធម៌ពីប្រពៃណីទំនៀមទម្លាប់ ប្រាជ្ញាញាណ និងការប្រតិបតិ្តឲ្យបានពេញលេញ ក៏ប៉ុន្តែនាងទ័លច្រក។ នាងវិធាវីត្រូវរៀបការជាមួយបុរសម្នាក់ដែលខ្លួនមិនស្រលាញ់ ឬមួយត្រូវប្រកែកជាមួយម្តាយពេញទំហឹង។ អំពើទាំងពីរនេះអាក្រក់។ នាងមិនអាចសម្រេចចិត្តធ្វើអំពើអាក្រក់បានទេ។ ហាក់បីដូចជាលោកនូហាចកំពុងអះអាងថា វប្បធម៌ខ្មែរមិនអនុញ្ញាតឲ្យនារីរីកចម្រើលូតលាស់ សម្តែង និងទទួលសេចក្តីស្រលាញ់ដោយសេរីទេ។ សោភ័ណភាពនៃធម្មជាតិ វាលស្រែ ទន្លេរ បឹងបួរ ព្រៃភ្នំដែលត្រូវបានពិពណ៌នាយ៉ាងប៉ិនប្រសប់ឆ្លុះបញ្ចាំងនូវមនោសញ្ចេតនារបស់តួអង្គម្តងម្នាក់ៗ។
ទោះបីរឿង ផ្កាស្រពោន មានប្រជាប្រិយយ៉ាងណាក៏ដោយ ក៏មានគេស្តីបន្ទោសលោកនូហាចដែលបណ្តាលឲ្យនាងវិធាវីស្លាប់ ដូចជាធ្វើឲ្យយុវជនយុវនារីអស់សង្ឃឹមក្នុងជីវិត ពីព្រោះមិនអាចស្វែងរកសុភមង្គលក្នុងសេចក្តីស្រលាញ់ស្មោះស្ម័គ្ររវាងមនុស្សប្រុស និងមនុស្សស្រីពីរនាក់។
ដើម្បីឆ្លើយតបទៅនឹងការស្តីបន្ទោសបែបនេះ លោកនូហាចបាននិពន្ធប្រលោមលោកមួយទៀតគឺ មាលាដួងចិត្ត នាឆ្នាំ១៩៧២។ រឿងនេះកើតឡើងនាពេលសង្រ្គាមលោកទី២។ ទីឃាវុធជាយុវជនស្មោះត្រង់ម្នាក់ដែលបដិសេធមិនព្រមចូលរួមចំណែកក្នុងអំពើពុករលួយរបស់មន្ត្រីរាជការ ជាមួយអ្នកជំនួញទាល់តែសោះ។ ដូចនេះទីឃាវុធមិនអាចឡើងមុខដំណែងបានឡើយ។ គាត់មានជម្រើសស្រួចមួយ ឬក៏ចូលរួមចំណែកក្នុងអំពើពុករលួយ និងឡើងមុខដំណែង ឬក៏រក្សាភាពសុចរិតទៀងត្រង់របស់ខ្លួន និងក្លាយជាមនុស្សកំសត់ម្នាក់រស់នៅកន្លែងដាច់ស្រយាល។ ជាសំណាងសម្រាប់គាត់ សង្រ្គាមពិភពលោកទី២ផ្ទុះឡើងនាំឲ្យទីឃាវុធទទួលបេសកកម្មថ្មី ពោលគឺ ការពារប្រទេសជាតិ។
ម៉្យាងវិញទៀត ទីឃាវុធជាប់ចិត្តស្រលាញ់ចន្ទមណីជនជាតិថៃម្នាក់ដែលចេះភាសាខ្មែរ ហើយរស់នៅរាជធានីភ្នំពេញ។ ក្រោយមកទៀតគាត់មានមន្ទិលសង្ស័យថាចន្ទមណី និងឪពុករបស់នាងធ្វើចារកិច្ច។ ទីឃាវុធបំបែកទំនាក់ទំនងជាមួយនាងដែលត្រឡប់ទៅប្រទេសថៃបាត់ទៅ។ បន្ទាប់ពីរយៈពេលយូរកន្លងផុតទៅ ទីឃាវុធរងរបួសធ្ងន់ធ្ងរហើយត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យយោធាថៃ។ ចន្ទមណីកំពុងបម្រើមើលថែរក្សាទាហានឈឺនៅទីនោះ ដូច្នេះគូស្រករជួបគ្នាសាជាថ្មីតែពុំទាន់ស្រុះស្រួលជានានឹងគ្នានៅឡើយទេ។ ទាល់តែសង្រ្គាមចប់សព្វគ្រប់អស់ហើយ ទើបទីឃាវុធដឹងខ្លួនថាមន្ទិលសង្ស័យរបស់គាត់ចំពោះចន្ទមណីខុសទាំងស្រុង។ ជាទីបញ្ចប់គូស្រករបានរកសុភមង្គលឃើញដោយសម្តែង និងទទួលសេចក្តីស្រលាញ់ជាស្វាមីនិងភរិយា។
ប្រលោមលោក មាលាដួងចិត្ត នេះបានទទួលបរាជ័យដោយសារពីមុនមកអ្នករិះគន់គ្រាន់តែ ស្តីបន្ទោសអ្នកនិពន្ធបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ពួកគេតិះដៀលបរិហារថែមទៀតពីព្រោះ តួអង្គស្រីជាជនជាតិថៃ។ ច្បាស់ថាលោកនូហាចកំពុងបន្តចង្អុលបង្ហាញទំនាស់សីលធម៌ដែលបង្កប់នៅក្នុងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដែលនៅតែសង្កត់លើចិត្តគំនិតយុវជនយុវនារី។ ហាក់បីដូចជាលោកនូហាចកំពុងរករឿងអ្នករិះគន់ដោយចេតនា។ លោកចង់រំខានពួកគេ។
ប៊ុនធឿន និងទីឃាវុធជាមនុស្សប្រុសល្អ ក៏ប៉ុន្តែមានស្មារតីតស៊ូខ្សោយ។ ចំណែកឯ វិធាវី និងចន្ទមណីជានារីមានចរិតលក្ខណៈខុសគ្នាទាំងស្រុង។ វិធាវីជានារីខ្មែរល្អសុក្រិតតាមប្រពៃណី ចំណែកឯចន្តមណីវិញ នាងជានារីថៃសម័យទំនើបពេញលក្ខណៈ។ ចន្ទមណីប្រើវ៉ែនតាខ្មៅ ជក់បារី និងស្លៀកពាក់អាវហែលទឹកខុសស្រឡះពីកិរិយាមាយាទរបស់នាងវិធាវី។ ទោះជាយ៉ាងណាក៏ដោយនារីទាំងពីរបង្ហាញនូវចរិតលក្ខណៈចំបងរួមមួយពោលគឺនាង ស្រលាញ់ប្រុសតែម្នាក់ដោយស្មោះអស់ពីចិត្តហើយនាងមិនដែលក្បត់សេចក្តីស្រលាញ់នេះម្តងណាសោះឡើយ។
តាមយោបល់របស់ខ្ងុំ លោកនូហាចកំពុងអះអាងថា ការអប់រំយុវជនយុវនារីតាមរយៈប្រពៃណី ប្រាជ្ញាញាណ ប្រតិបតិ្តដែលបណ្តាលមកពីវប្បធម៌ ទំនៀមទម្លាប់បុរាណមិនគ្រប់គ្រាន់ល្មម ដើម្បីជួយពួកគេដោះស្រាយទំនាស់សីលធម៌នៅក្នុងសង្គមទំនើបទេ។ ជាពិសេសបញ្ហានៃជម្រើសក្នុងសេចក្តីស្រលាញ់និងបញ្ហាអំពើពុករលួយគ្មានដំណោះស្រាយតាមផ្លូវកណ្តាលទេ។ បញ្ហាទាំងពីរទាមទារការប្តេជ្ញាចិត្តយ៉ាងរ៉ឹងមាំដាច់ខាត ពេញទំហឹងដែលមិនអាចបត់បែនតាមកាលៈទេសៈបានឡើយ។ លើសពីនេះទៅទៀតហាក់បីដូចជាលោកកំពុងពន្យល់ថា ទាល់តែមានការប៉ះទង្កិចគ្នារវាងវប្បធម៌ខ្មែរ និងវប្បធម៌ខាងក្រៅ ទើបយុវជនយុវនារីនឹងមានសមត្ថភាពថ្លឹងថ្លែងជ្រើសរើសផ្លូវល្អផ្នែកសីលធម៌ និងស្វែងរកសុភមង្គលឃើញ។ យុវជនយុវនារីត្រូវលះបង់ចោលទំនៀមទម្លាប់ណាមួយដែលបន្ទាបមនុស្សជាទាសករ ឬបង្ខូចភាពសុចរិតរបស់គេ។ ដូចនេះត្រូវកែច្នៃវប្បធម៌របស់ខ្លួនដែលបានទទួលពីក្មេងមក ទើបវប្បធម៌នេះនឹងរស់ឡើងវិញក្នុងខ្លួន។