ទស្សនវិជ្ជានៃការអប់រំខាងផ្លូវចិត្ត

ថ្ងៃមួយនៅជំរំ មានលោកគ្រូពេទ្យម្នាក់ឈ្មោះ Mengele បានសុំឱ្យយុវនារី Edith រាំរបាំបាល់ឡេសម្រាប់គាត់ហើយនាងឡើងរាំជូនគាត់ទោះបីនាងដឹងថាលោកគ្រូពេទ្យទើប នឹងបញ្ជាឱ្យគេយកម្តាយរបស់នាងទៅសម្លាប់និងដុតចោលក៏ដោយ។

ខ្ញុំបានអានសៀវភៅមានចំណងជើងថា «មានជម្រើស» ឬ “The Choice”ហើយត្រូវបាននិពន្ធឡើងដោយលោកស្រី Edith Eger ជនជាតិហុងគ្រីម្នាក់កាន់សាសនាជ្វីវ ដែលបានរួចខ្លួនពីសេចក្តីស្លាប់នៅជំរំ Auchwitz នាសម័យសង្រ្គាមលោកលើកទីពីរ។ លោកស្រីបានលាក់ទុករឿងរ៉ាវអាក្រក់ទាំងនោះនៅក្នុងចិត្ត  អស់រយៈពេលជាច្រើនឆ្នាំ។ យូរឆ្នាំក្រោយមកគាត់ក៏បានសម្រេចចិត្តនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់​​ ហើយបានចង់ក្រងជាសៀវភៅមួយក្បាលដែលទើបនឹងបោះពុម្ពនាឆ្នាំ២០១៧ថ្មីៗនេះ។

ថ្ងៃមួយនៅជំរំ មានលោកគ្រូពេទ្យម្នាក់ឈ្មោះ Mengele បានសុំឱ្យយុវនារី Edith រាំរបាំបាល់ឡេសម្រាប់គាត់ហើយនាងឡើងរាំជូនគាត់ទោះបីនាងដឹងថាលោកគ្រូពេទ្យទើប នឹងបញ្ជាឱ្យគេយកម្តាយរបស់នាងទៅសម្លាប់និងដុតចោលក៏ដោយ។ បន្ទាប់ពីសង្រ្គាម លោកលើកទីពីរត្រូវបានបញ្ចប់​ លោកស្រីបានប្រើពេលវេលាយ៉ាងយូរមុននឹកឃើញថា           វិធីសាស្រ្តផ្សេងៗដែលគាត់ធ្លាប់ប្រើក្នុងជំរំ ដើម្បីការពារខ្លួន លែងមានប្រសិទ្ធភាព ការពារគាត់នឹងកូនរបស់គាត់ពីស្រមោលនៃអំពើឃោរឃៅអតីតកាល។ ជូនកាល ការស្តាប់ សម្លេងកញ្ចែឬសូរស្បែកជើងទាហាន ឬធំក្លិនរទេសភ្លើង ធ្វើឱ្យលោកស្រីភ័យខ្លាច ញ័រដៃញ័រជើងរន្ធត់ចិត្ត បាត់បង់ស្មារតីទាំងស្រុងនាំឱ្យកូនគាតភ័យដែរ។

លោកស្រី Egerរៀបរាប់អំពីជីវិតមិនស្រួលនៅប្រទេសហុងគ្រីក្រោមរបបកុម្មុយនិស្ត បន្ទាប់ពីការរំដោះដោយទាហានរុស្ស៊ី។ គាត់ពន្យល់អំពីការសម្រេចចិត្ត ភៀសខ្លួន ទៅប្រទេសអាមេរិចជាមួយប្តី។​ លោកស្រីបានចូលធ្វើការជាកម្មការណីនៅរោងចក្រដូច ជនអន្តោប្រវេសន៍ឯទៀតៗនៅសម័យនោះ។ ក្រោយមកលោកស្រីបានចូលរៀនអំពីចិត្តវិទ្យា នាពេលយប់។ គាត់បានអានសៀវភៅរបស់មនុស្សម្នាក់ ដែលធ្លាប់ឆ្លងកាត់ការរស់នៅក្នុងជំរំ ដ៏សាហាវដូចគាត់។​  សៀវភៅមានចំណងជើងថា “Man’s Search for Meaning” និពន្ធដោយលោក Victor Frankl  ។ សៀវភៅនោះបានជំរុញគាត់ឱ្យរិះគិតកាន់តែស៊ីជម្រៅអំពីអត្ថន័យ នៃបទពិសោធន៍ក្នុងដំណើរជីវិតរបស់គាត់។

បន្ទាប់ពីរៀនចប់ លោក​ស្រីចាប់ផ្ដើមព្យាបាលមនុស្សដែលមានវិបត្តិធ្ងន់ធ្ងរខាងផ្លូវចិត្ត។ គាត់មានរបៀបថែទាំនិងថ្នាក់ថ្នមផ្ទាល់ខ្លួនចំពោះអតីតទាហានមួយចំនួន ដែលគ្រូពេទ្យធម្មតាព្យាបាលពុំកើត។​ ដំបូងឡើយ លោកស្រីអញ្ជើញអ្នកជំងឺរៀបរាប់ អំពីបទពិសោធន៍នៃហឹង្សារបស់ខ្លួនដោយពុំមានភាពអៀនខ្មាស់ ដើម្បីឱ្យពួកគេយល់ អំពីដំណើរនៃជីវិត។ បន្ទាប់មក លោកស្រីរិះគិតពិចារណាអំពីពាក្យពេច ទាំងប៉ុន្មានដែលអ្នកជំងឺបាននិយាយប្រាប់ ព្រមទាំងពិនិត្យមើលចលនាខាងផ្លូវចិត្តរបស់ខ្លួន ដើម្បីជៀសវាងការវិនិច្ឆ័យនិងបកស្រាយខុស  ឆ្គង។ លោកស្រីអះអាងថាយើងត្រូវទទួលស្គាល់ថា​ «ទាំងអារម្មណ៍ ឬមនោសញ្ចេតនា ទាំងរបៀបគិតគូពីកុមារភាព» កំពុងជះឥទ្ធិពលនិង គ្រប់គ្រងលើឥរីយាបទនិងសកម្មភាពប្រចាំថ្ងៃរបស់យើងដោយមិនដឹងខ្លួន។  ការនិយាយគ្នាដើម្បីចែករំលែកពីអារម្មណ៍និងការវិភាគបែបនេះអាចនាំឱ្យកើតឡើងនូវគំហឹងឬបំណងចង់សង់សឹកបាន​ ប៉ុន្តែនៅពេលដែលអ្នកជំងឺទុកចិត្តលើអ្នកព្យាបាល នោះការចែកបទពិសោធន៍រវាងមនុស្សពីរនាក់ អាចនាំឱ្យអ្នកជំងឺនឹកឃើញពីភាពអាណិតអាសូរ និងសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ហើយឈានទៅដល់ការលើកលែងទោសឱ្យមនុស្សដែលធ្លាប់ធ្វើអាក្រក់មកលើគេ។ តាមមធ្យោបាយនេះ ទាំងអ្នកជំងឺ​ផង ទាំងគ្រូពេទ្យផង អាចទទួលការព្យាបាលរហូតទាល់តែជាសះស្បើយពីរបួសខាងផ្លូវចិត្ត ។

មានសំណួរមួយដែលត្រូវសួរខ្លួនឯងថា «តើខ្ញុំចង់បានអ្វីមួយអោយពិតប្រាកដ?»។ ដើម្បីឆ្លើយតបនឹងសំណួរនេះឱ្យបានច្បាស់លាស់ ទាល់តែខ្ញុំរិះគិតលើមនោសញ្ចេតនាច្របូកច្របល់នៅខាងក្នុងដើម្បីឱ្យអារម្មណ៍ស្ងប់សិន ទើបខ្ញុំអាចសង្កេតមើលបំណងប្រាថ្នាចម្បងរបស់ខ្ញុំបាន។ បន្ទាប់ពីឆ្លើយសំណួរចម្បងនេះហើយ សំណួរបន្តទៀតចេញមកដោយងាយ។ «តើសកម្មភាពរបស់ខ្ញុំសព្វថ្ងៃ កំពុងជួយខ្ញុំឱ្យសម្រេចនូវបំណងប្រាថ្នាចម្បងឬយ៉ាងណា?» តាមលោកស្រី Eger ជាធម្មតាយើងត្រូវឆ្លើយខ្លួនឯងថា «មិនមែនទេ»។ មកដល់កម្រិតនេះ ច្បាស់ថាយើងត្រូវផ្លាស់ប្តូរឥរិយាបថប្រចាំរបស់យើងហើយត្រូវលះបង់សកម្មភាពអត់ប្រយោជន៍ចោល។  រឿងនេះជាមូលហេតុដែលលោកស្រីហៅសៀវភៅរបស់គាត់ថា «មានជម្រើស»។  ជម្រើសនេះគឺមានតែរូបខ្ញុំផ្ទាល់ទេដែលអាចសម្រេចបាន ហើយខ្ញុំនៅតែមានសមត្ថភាពធ្វើ។ គ្មានអ្នកណាផ្សេងទៀតអាចជំនួសខ្ញុំបានឡើយ។

ជំពូកដែលគួររំភើពចិត្តជាទីបំផុតនោះគឺ ចំពេលដែលលោកស្រីធ្វើដំណើរត្រឡប់ទៅជំរំដ៏សាហាវ Auchwitz ម្តងទៀត។ បងស្រីបង្កើតរបស់គាត់មិនព្រមទៅជាមួយឡើយ។ មកដល់អតីតជំរំហើយ លោកស្រីបានរំលឹករឿងអាក្រក់ទាំងអស់ដែលបានកើតឡើងចំពោះគាត់។ លោកស្រីពន្យល់អំពីចម្លើយខុសឆ្គងរបស់គាត់មួយ​ ក្នុងពេលដែលលោកគ្រូពេទ្យដ៏សាហាវម្នាក់សួរគាត់ថា «តើស្រ្តីម្នាក់នេះជា ម្តាយឬជាបងស្រី?»​​។ សម័យនោះលោកស្រីអាយុតែ១៥ ឆ្នាំ គាត់បានឆ្លើយថា «ជាម្តាយ»។ ដូច្នេះហើយគ្រូពេទ្យបញ្ជាអោយទាហានអាឡឺមង់យកម្តាយលោកស្រីទៅសម្លាប់ចោលភ្លាម ដោយចាត់ទុកថាគាត់ជាមនុស្សចាស់មិនអាចធ្វើការធ្ងន់បានឡើយ។ លោកស្រីត្រូវសុំទោសម្តាយដោយបានឆ្លើយសំណួរខុស។

មានបងប្អូនខ្មែរច្រើននាក់ដែលបានចែករំលែកពីបទពិសោធន៍របស់ពួកគេនាសម័យខ្មែរក្រហម ដោយបានប្រាប់អំពីសមាជិកក្រុមគ្រួសាររបស់ខ្លួនដែលត្រូវបានគេវាយប្រហារជីវិតឬស្លាប់ដោយសារអត់អាហារ ក៏ប៉ុន្តែ​កម្រមានមនុស្សទទួលសារភាពថា «ខ្ញុំសោកស្តាយទង្វើផ្ទាល់ខ្លួនដែលខ្ញុំធ្លាប់ប្រព្រឹត្តនាសម័យខ្មែរក្រហមនៅឡើយទេ»។ អ្នកគូរគំនូរខ្មែរឈ្មោះ វ៉ាន់ណាត់ ធ្លាប់ណែនាំការិះគិតពិចារណាឡើងវិញចំពោះអំពើទាំងប៉ុន្មានដែលបានកើតឡើងនៅពន្ធនាគារទួលស្លែងរបស់ខ្មែរក្រហម ហៅថា S21 តាមឯកសារទូរទស្សន៍។ ចំពោះមុខឆ្មាំចាស់របស់គាត់ ពួកគេពិតជាពិបាកទទួលស្គាល់អំពើអាក្រក់ឃោរឃៅដែលពួកគេធ្លាប់ប្រព្រឹតទៅលើបងប្អូនខ្មែរសុចតិតទៀងត្រង់ ទោះបីលោកវ៉ាន់ណាត់សួរសំណួរដោយរបៀបទន់ផ្លន់ស្លូតបូតយ៉ាងណាក៏ដោយ។ ពួកឆ្មាំតែងតែចាត់ទុកអ្នកជាប់ឃុំឃាំងថា​ជា «ខ្មាំង» មិនមែនជាមនុស្សស្មើនឹងពួកគេទេ។

vann nath

ចំណុចខ្លាំងក្នុងសៀវភៅរបស់លោកស្រី Eger គឺជាការអំពាវនាវដល់យើងម្នាក់ៗឱ្យទទួលខុសត្រូវចំពោះរាល់ការសម្រេចចិត្តរបស់យើងនៅក្នុងឆាកជីវិត កុំឱ្យយើងផ្ទេរការទទួលខុសត្រូវនេះដល់អ្នកផ្សេង។ រាល់ព្រឹកយើងមានឳកាសដើម្បីជ្រើសរើសការរីកចម្រើនជាមនុស្សដោយសម្តែងសេចក្តីស្រឡាញ់ តែបើយើងជ្រើសរើសយកការបដិសេធមិនព្រមបង្ហាញសេចក្តីស្រឡាញនោះ យើងនឹងប្រែពីសភាពជាមនុស្ស វិលត្រឡប់ទៅរកសភាពជាសត្វវិញ។

 

Kung Raiya, the silly twit!

The Phnom Penh Municipal Court charged activist Kung Raiya with incitement to commit a felony today for printing T-shirts with murdered political analyst Kem Ley’s image and words.

On the 11th of July, I read a ridiculous story from Cambodia.  I have decided to simply let it speak for itself.   The background is that on the 10th of July 2016, a Khmer social activist, Mr. Kim Ley, was shot dead in broad daylight at a Caltex petrol station in Phnom Penh.  The CCTV footage was handed over to the police but has never been been leaked to the media since. So there is not a shred of evidence to support people’s suspicions. Continue reading “Kung Raiya, the silly twit!”